ស្តាយណាស់
(ពេលបានទៅដល់ព្រះពុទ្ធស្ថាន)
ស្តាយអើយសែនស្តាយ ខំស្កាត់ពីឆ្ងាយ មករកព្រះអង្គ
តែពុំបានជួប ដូចចិត្តដែលចង់ ត្បិតអីព្រះអង្គ
ទ្រង់និពា្វនហើយ។
ស្តាយអើយសែនស្តាយ ពីនាយដល់អាយ កាយចិត្តឥតស្បើយ
ទោះព្រះអានន្ទ ក៏ពុំឃើញឡើយ ព្រះគុណម្ចាស់អើយ
និមន្តទៅណា។
ស្តាយអើយសែនស្តាយ យើងខ្ញុំទាំងឡាយ មានចិត្តជ្រះថ្លា
ចង់ឃើញសាវ័ក ជាក់នឹងនេត្រា តែក្តីប្រាថ្នា
ត្រូវអសារបង់។
ស្តាយអើយសែនស្តាយ កុដិវត្តទាំងឡាយ ពុំឃើញព្រះសង្ឃ
ឃើញតែស្នាមគ្រិះ កម្ទេចសំណង់ ចិត្តស្លុតស្រយង់
ស្រយុតអង្គប្រាណ។
តែទោះយ៉ាងណា ត្រូវយល់ដឹងថា លាភធំដែលបាន
មកដល់កន្លែង នៃព្រះពុទ្ធស្ថាន ព្រះអង្គធ្លាប់បាន
គង់អាស្រ័យនៅ។
សូមថ្វាយបង្គំ ពុទ្ធស្ថានលើភ្នំ និគមព្រៃជ្រៅ
ដែលព្រះអង្គធ្លាប់ គង់អាស្រ័យនៅ ទោះជាខ្ញុំទៅ
មិនដល់ក៏ដោយ។
សូមមហាកុសល ដែលបានតម្កល់ ទុកក្នុងចិត្តហើយ
សូមជួយរុញច្រាន ឆាប់បានដល់ត្រើយ កុំបីខានឡើយ
ដូចក្តីប្រាថ្នា។
សូមឧទ្ទិសផល គោរពជូនដល់ មាតាបិតា
ដល់ញតិសន្តាន ក្នុងវដ្តសង្សារ ទាំងគ្រូអាចារ្យ
ឧបជ្ឈាយ៍ទាំងឡាយ។
ទោះរស់ជុំញាតិ ឬស្លាប់បែកឃ្លាត ចាប់ជាតិជិតឆ្ងាយ
សូមបានអាហារ បរិក្ខារទាំងឡាយ រីករាយសប្បាយ
នឹងបុណ្យកុសង។
ដែលយើងខ្ញុំបាន ធ្វើទាំងប៉ុន្មាន ឧទ្ទិសជូនដល់
សូមឲ្យបានសុខ ផុតទុក្ខកង្វល់ លុះបានមគ្គផល
ដល់ព្រះនិព្វាន។
ដោយឧបាសក គុយ សុធន
សត្តមហាឋាន
ឋានធំទីមួយពោធិបល្ល័ង្ក
ព្រះពុទ្ធទ្រង់តាំងញ្ញាំងពោធិញាណ
កម្ចាត់តណ្ហានិងឧបាទាន កិលេសមិនមានព្រមទាំងលោកធម៌។
ឋានធំទីពីរ គង់ទិសសាន សម្រេចសម្រាន្តប្រាណប្រថាប់ឈរ
សម្លឹងពោធិព្រឹក្សប្ញកមិនញាប់ញ័រ
សាទរអនិមិស្សកចេតិយ។
ឋានធំទីបី ចង្កមសេដ្ឋំ ព្រះពុទ្ធទ្រង់តាំងចង្រ្កមសិរី
ឋានធំទីបួន ផ្ទះកែវសួស្តី ជិនស្រីប្រថាប់ឃររតនៈ។
ឋានធំទីប្រាំ ក្រោមដើមអជ្ជបាល
និគ្រោធត្រកាលមារមកប្រចក្ស
អារាធនាទ្រង់ព្រះអង្គឲ្យដាក់ អនុដ្ឋានកាយៈបរិនិពា្វន។
ឋានទីប្រាំមួយ ក្បែរស្រះមុច្ចលិន្ទ អង្គព្រះមុនិន្ទត្រិះរិះព្រហ្មយាន នាគព័ទ្ធការពារទឹកភ្លៀងដែលមាន ឲ្យព្រះទ្រង់ញាណបានស្ងប់កាយា។
ឋានទីប្រាំពីរ រាជាយតនៈ ឋិតនៅប្រចក្សទិសទក្សិណា
ក្នុងជម្ពូទ្វីបជាឋានអស្ចារ្យ ព្រះពុទ្ធសាស្តាទ្រង់សេពអាស្រ័យ។
អហំ រីខ្ញុំបង្គំវន្ទា ឆ្ពោះព្រះភគវាពុទ្ធាថ្លាថ្លៃ
មនុស្សទេវតាបូជារាល់ថ្ងៃ ជាឧបនិស្ស័យប្រល័យអាសវា។
សូមមនុស្សទេវតាមានការគោរព ទាំងថ្ងៃទាំងយប់ក្នុងព្រះសាសនា
សូមបានសម្រេចដូចក្តីប្រាថ្នា អស់នូវតណ្ហាទុក្ខាចង់ហោង។
ដោយឧបាសក ជឹម
ជំនិត
គុណរបស់ទាន
ទានចិញ្ចឹមបុត្របរិសុទ្ធក្នុងផ្ទៃ
រហូតដល់ថ្ងៃបុត្រថ្លៃចាកគ៌ភ
ទានចិញ្ចឹមស្មោះទឹកដោះបបរ
កូនរស់បានល្អព្រោះធម៌សប្បុរស។
ទានថ្វាយដល់សង្ឃផ្ចង់ឧទ្ទិសទាន
ប្រេតរួចពីឃ្លានព្រោះទានរំដោះ
ទានជាទេវធម៌លំអសប្បុរស ទានមានចិត្តស្មោះសង្គ្រោះជីវិត។
ទានគឺជាទ្រព្យជាប់តាមសន្តាន
ជាមិត្តរួមប្រាណឆ្លងផុតងងឹត
ទានកាច់បំបាក់មោហៈក្នុងចិត្ត
បានត្រាស់ដឹងពិតដ្បិតទានបារមី។
ហៃកូនប្រុសស្រីគប្បីចាំទុក គុណម្តាយឳពុកទានាធិបតី
កូនដឹងមង្គលសាមសិបប្រាំបី
ជៀសកម្មអប្រៃយ៍ផុតភ័យអបាយ។
ដោយ ប.ស.វ
No comments:
Post a Comment